ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានចុះផ្សាយថា ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដើម្បីតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នឹងជួយគាំទ្រសេដ្ឋកិច្ចជាតិ ទេសចរណ៍ ធុរកិច្ចសាកល និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការបើកដំណើរការជាផ្លូវការនេះបានធ្វើឡើង បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ២០១៩ លើផ្ទៃដី២.៦០០ហិកតារ ស្ថិតនៅក្រុងតាខ្មៅនិងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងដីខ្លះស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទិសខាងត្បូងនៃទីក្រុងភ្នំពេញ។
ព្រលានយន្តហោះនេះ ត្រូវបានសាងសង់ក្នុងទំហំទឹកប្រាក់ ១.៥០០ លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ខៀវសែ។ ក្នុងនោះទឹកប្រាក់ ១.១០០ លានដុល្លារ គឺរដ្ឋាភិបាលបានខ្ចីពីធនាគារបរទេស និង២៨០លានដុល្លារទៀត ត្រូវបានវិនិយោគដោយក្រុមហ៊ុនលោក ពុង ខៀវសែ។
ព្រលានយន្តហោះនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់រដ្ឋចិន China Construction Third Engineering Bureau Group និងរចនាប័ទ្មឡើងដោយក្រុមស្ថាបត្យករក្រុមហ៊ុន Foster + Partners ជាក្រុមហ៊ុនខាងស្ថាបត្យកម្មដ៏ធំបំផុតនៅក្នុងប្រទេសអង់គ្លេស។ ក្រុមហ៊ុននេះបានបង្ហោះលើគេហទំព័ររបស់ខ្លួនថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ត្រូវបានរចនាឡើងដើម្បីបំផុតគំនិតពីអរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក និងដើម្បីផ្ដល់នូវកម្រិតខ្ពស់នៃបទពិសោធន៍ និងស្ដង់ដារថ្មីប្រកបដោយនិរន្តរភាពសម្រាប់អ្នកដំណើរ។
រដ្ឋាភិបាលបានប្រកាសថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ អាចទទួលការចុះចតពីយន្តហោះឆ្លងទ្វីបដឹកអ្នកដំណើរធំបំផុតរបស់ពិភពលោក ដូចជាយន្តហោះប្រភេទ Airbus A380-800 និងយន្តហោះប្រភេទ Boeing 747-800 ហើយក្នុងដំណាក់កាលដំបូង អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ហើយនឹងឈានទៅទទួលអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ និងឈានទៅទទួលអ្នកដំណើរ ៥០ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០៕
សូមរង់ចាំអានព័ត៌មានពិស្ដារ!