សង្គមស៊ីវិលចុះសិក្សាពីលទ្ធភាពប្រើប្រាស់អាវុធគីមីនិងផ្សែងពុលរបស់យោធាថៃលើកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលចំនួន៥ សហការជាមួយក្រុមអ្នកជំនាញ ចាប់ផ្ដើមចុះសិក្សាវាយតម្លៃពីផលប៉ះពាល់នៅខេត្តព្រំដែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមយោធាថៃអាចប្រើប្រាស់អាវុធគីមី និងផ្សែងពុលអំឡុងពេលប៉ះទង្គិចប្រដាប់អាវុធជាមួយយោធាកម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រួមមាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ​ប៉ាដិក (PADEK) អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) និង​សហព័ន្ធ​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​និង​អ្នក​ការពារ​បរិស្ថាន អ្នក​ច្បាប់ អ្នក​ជំនាញ​សិទ្ធិមនុស្ស និង​តស៊ូមតិ និង​ឯកទេស​ខាង​សង្គម ដើម្បី​ចាប់ផ្ដើម​ចុះ​វាយ​តម្លៃ​រហ័ស​រយៈពេល​៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៨ ខែកញ្ញា នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ព្រះវិហារ ខេត្តឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​ចុះផ្សាយ​ថា ការ​ចុះ​វាយ​តម្លៃ​រយៈពេល​ខ្លី​លើ​ផល​ប៉ះពាល់​បរិស្ថាន បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​ប្រើប្រាស់​អាវុធ​គីមី​និង​ផ្សែង​ពុល​អំឡុង​សង្គ្រាម​រយៈពេល​៥ថ្ងៃពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៨ ខែកក្កដា រវាង​យោធា​កម្ពុជា​និង​ថៃ ជាពិសេស​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ដែល​មាន​សេចក្ដី​រាយការណ៍​ពី​សហគមន៍​រង​ផល​ប៉ះពាល់ បាន​បង្ហាញ​ពី​ការ​ខូចខាត​ដែល​អាច​កើត​មាន​ឡើង​លើ​ព្រៃ​ឈើ សត្វព្រៃ លើដំណាំ ប្រភព​ទឹក និង​សុខភាព​របស់​មនុស្ស។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក រស់ សុដ្ឋា បាន​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី០៥ ខែកញ្ញា ថា ការ​ចុះ​សិក្សា​វាយតម្លៃ​នេះ ដើម្បី​ស្វែងរក​ភស្តុតាង​ឱ្យ​កាន់​តែ​រឹងមាំ ជុំវិញ​សេចក្ដី​រាយការណ៍​ថា ទាហាន​ថៃ​បាន​ប្រើប្រាស់​អាវុធ​គីមី និង​ផ្សែង​ពុល​មក​លើ​កម្ពុជា ពីព្រោះ​ការ​ប្រើប្រាស់​អាវុធ​ដែល​ច្បាប់​ហាម​ឃាត់ គឺ​រំលោភ​ច្បាប់​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​កាតព្វ​កិច្ច​ការពារ​បរិស្ថាន។ លោក​បាន​បន្ត​ថា លទ្ធផល​នៃ​ការ​សិក្សា​ខាង​មុខ​នេះ នឹង​អាច​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ បើកការ​ស៊ើបអង្កេត​លក្ខណៈ​បច្ចេក​ទេស​បន្ថែម​ទៀត។

លោក រស់ សុដ្ឋា៖«​ដូច្នេះ បញ្ហា​នេះ ជា​បញ្ហា​ធំ​ណាស់ បញ្ហា​របស់​ពិភព​លោក មិន​មែន​បញ្ហា​រវាង​កម្ពុជា​និង​ថៃ​ទេ ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​សុខភាព និរន្តរភាព​របស់​ពិភពលោក គឺ​ថា​ជីវិត​របស់​យើង​នៅ​ក្នុង​សង្គម​មិន​អាច​រស់​នៅ​បាន​ទេ ប្រសិន​បើ​ខ្វះ​បរិស្ថាន​ដែល​ល្អ​»។

អំឡុង​ពេល​សង្គ្រាម​ឈ្លានពាន​លើ​កម្ពុជា យោធា​ថៃ​បាន​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់​គ្រប់​ប្រភេទ រួម​មាន​យន្តហោះ​ចម្បាំងF-16 យន្តហោះ​ចម្បាំង Gripen ដ្រូន​ទម្លាក់​គ្រាប់ និង​ប្រើ​កាំភ្លើង​ធំ​បាញ់​គ្រាប់​បែកចង្កោម ដែល​ច្បាប់​អន្តរជាតិ​បាន​ហាម​ឃាត់ សម្រាប់​វាយ​ប្រហារ​ស្រោច​លើ​ទឹក​ដី​កម្ពុជា រួម​ទាំង​លើ​ទីតាំង​ស៊ីវិល និង​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ហៅថា ស៊ីម៉ាក់ បាន​រកឃើញ​ថា ទាហាន​ថៃ​បាន​ប្រើគ្រាប់​បែក​ចង្កោម បាញ់​ចេញ​ពី​កាំភ្លើង​ធំ​តាមរយៈ​សម្បក​គ្រាប់​ប្រវែង​១៥៥មីលីម៉ែត្រ ដែល​ក្នុង​មួយ​សម្បក​គ្រាប់ មាន​ផ្ទុក​គ្រាប់​ចង្កោម​ប្រភេទ អ៊ឹម-៤៦ (M-46) ចំនួន ៥៦ គ្រាប់។ អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា គ្រាប់​បែក​ចង្កោម​មិន​ទាន់​ផ្ទុះ ដែល​ទើរ​លើ​ដើម​ឈើ និង​ផ្ទះសម្បែង លើ​ដី និង​ក្នុង​ទឹក កំពុង​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​ពលរដ្ឋ​កម្ពុជា។

ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាមិនទាន់ចេញអះអាងជាផ្លូវការថា ទាហានថៃបានប្រើប្រាស់អាវុធគីមី និងផ្សែងពុលនៅឡើយទេ។ ប៉ុន្តែ កាល​ពី​ខែសីហា កងទ័ព​ថៃ​ទទួល​ស្គាល់​ថា បាន​ប្រើប្រាស់​សារធាតុ​ផូស្វ័រ​ពណ៌ស (Phosphorus) អំឡុង​សង្គ្រាម​ជាមួយ​កម្ពុជា ប៉ុន្តែ​បដិសេធ​ដា មិន​មែន​ជា​អាវុធ​គីមី។ នេះ​បើ​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ថៃ The Thai Enquirer។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ពួកគេ​នឹង​ចងក្រង​ជា​ឯកសារ និង​ផ្ទៀងផ្ទាត់​ពី​ផល​ប៉ះពាល់​ជាក់ស្ដែង ពី​សកម្មភាព​ប្រើប្រាស់​អាវុធ​គីមី​និង​ផ្សេង​ពុល​ខុស​ច្បាប់​ដែល​អាច​កើតមាន ដើម្បី​ឱ្យ​ភាគី​ដែល​បាន​ប្រព្រឹត្ត ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ និង​យន្តការ​យុត្តិធម៌​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។